រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

ម៉ូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អាន់តុន ស៊ីឡួនូវ បានអះអាងកាលពីថ្ងៃពុធទី២៥ធ្នូថា ក្រុមហ៊ុនរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ប៊ីតឃញ់ (bitcoin) និងរូបិយបណ្ណឌីជីថលផ្សេងទៀត នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ បន្ទាប់ពីការផ្លាស់ប្ដូរនីតិប្បញ្ញត្តិដែលអនុញ្ញាតឱ្យប្រើប្រាស់បែបនេះ ដើម្បីប្រឆាំង និងគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
ការដាក់ទណ្ឌកម្មបានធ្វើឱ្យមានភាពស្មុគស្មាញដល់ពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយដៃគូធំៗដូចជា៖ ចិន ឬតួកគី ដោយសារធនាគារក្នុងស្រុកមានការប្រុងប្រយ័ត្នខ្លាំងជាមួយប្រតិបត្តិការដែលទាក់ទងនឹងប្រទេសរុស្ស៊ី ដើម្បីជៀសវាងការត្រួតពិនិត្យពីនិយតករលោកខាងលិច។ យ៉ាងណា នៅឆ្នាំនេះ រុស្ស៊ីបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយបណ្ណគ្រីបតូក្នុងពាណិជ្ជកម្មបរទេស ហើយបានចាត់វិធានការដើម្បីធ្វើឱ្យស្របច្បាប់ក្នុងការប្រើប្រាស់រូបិយបណ្ណគ្រីបតូ រួមទាំងប៊ីតឃញ់ផងដែរ។
លោក ស៊ីឡួនូវ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី២៤ (Russia 24)ថា៖«បញ្ញត្តិនេះ គឺជាផ្នែកមួយនៃរបបពិសោធន៍ក្នុងការប្រើប្រាស់ប៊ីតឃញ់ក្នុងពាណិជ្ជកម្មអន្តរជាតិ[..]។ ប្រតិបត្តិការបែបនេះកំពុងកើតឡើងរួចហើយ។ យើងជឿថា ពួកគេគួរតែត្រូវបានពង្រីក និងអភិវឌ្ឍបន្ថែមទៀត។ ខ្ញុំមានទំនុកចិត្តថា វានឹងកើតឡើងនៅឆ្នាំក្រោយ ជាមួយនឹងការទូទាត់អន្តរជាតិជារូបិយបណ្ណឌីជីថលតំណាងឱ្យអនាគត»។
សូមរំឭកថា កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រដ្ឋបាលអាម៉េរិកបច្ចុប្បន្នកំពុងធ្វើឱ្យខូចតួនាទីរបស់ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយបណ្ណបម្រុង ដោយអាម៉េរិកបានប្រើប្រាស់សម្រាប់គោលបំណងនយោបាយ។ ដូច្នេះ ការជ្រើសរើសប៊ីតឃញ់ក្នុងពាណិជ្ជកម្មអន្តរជាតិ ជាឧទាហរណ៍នៃទ្រព្យសកម្ម ព្រោះគ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះ អាចគ្រប់គ្រងប៊ីតឃញ់បានទេ។ គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ីគាំទ្រការប្រើប្រាស់រូបិយបណ្ណគ្រីបតូយ៉ាងទូលំទូលាយ ខណៈរុស្ស៊ី គឺជាអ្នកដឹកនាំពិភពលោកមួយក្នុងវិស័យប៊ីតឃញ់ផងដែរ៕

