ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

ភ្នំពេញ៖ ក្រសួងបរិស្ថានបានទទួលកុំព្យូទ័រ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
ពិធីប្រគល់និងទទួល កុំព្យុទ័របានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងទាំង២។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ និងបានខិតខំលើក កម្ពស់ ប្រសិទ្ធភាព ការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និង គោល នយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូ កាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យ ឯកជន ក្នុងការលើកកម្ពស់ គុណភាពបរិស្ថានសំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថានព្រមទាំងគាំទ្រ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាពនិងដើម្បី ប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តម ប្រយោជន៍បម្រើជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើង កិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕

