សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា បត្រមធ្យម សិក្សា ទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។
បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១.៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ៕
