ការអនុវត្ដគម្រោង “ការប្រើប្រាស់ប្រព័ន្ធសម្អាត និងបម្លែងសំណល់សារធាតុចិញ្ចឹម ក្នុងទឹកអាងចិញ្ចឹមត្រី ដើម្បីប្រើប្រាស់ក្នុងការដាំបន្លែលើទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ”

ភ្នំពេញ៖ ជាផ្នែកមួយ នៃការអនុវត្ដគម្រោង “ការប្រើប្រាស់ប្រព័ន្ធសម្អាត និងបម្លែងសំណល់សារធាតុចិញ្ចឹម ក្នុងទឹកអាងចិញ្ចឹមត្រី ដើម្បីប្រើប្រាស់ ក្នុងការដាំបន្លែលើទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ” ក្រុមការងារគម្រោង និងនិស្សិតវិទ្យាស្ថាន បានចុះយកសំណាកទឹកពីកសិដ្ឋានចិញ្ចឹមត្រី ចំនួន ១០ ទីតាំង តាមរយៈកិច្ចសហការជាមួយសមាគមវារីវប្បករ កាលពីថ្ងៃ០៦-០៨ ខែធ្នូ ឆ្នាំ២០២៤។
ជាកិច្ចបន្ដនៃការអនុវត្ដគម្រោងនេះ ក្រុមការងារគម្រោង និងនិស្សិតវិទ្យាស្ថាន បានយកសំណាកទាំងនោះ ទៅពិសោធន៍ នៅមន្ទីរពិសោធន៍ទឹក និងបរិស្ថាន (Water Environment Laboratory—WELAB) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការសិក្សា និងការអនុវត្ដគម្រោង ក្នុងដំណាក់កាលបន្ទាប់។
ជាលទ្ធផល ការអនុវត្ដគម្រោងនេះ នឹងចូលរួមចំណែកថែរក្សាបរិស្ថាន និង កាត់បន្ថយចំណាយរបស់កសិករ។ ទន្ទឹមនឹងនេះ ការអនុវត្ដគម្រោងនេះ ក៏បានផ្តល់ឱកាសដល់ និស្សិតជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ហ្វឹកហាត់ការពិសោធន៍ និងចូលរួមអនុវត្ដក្នុងគម្រោងជាក់ស្ដែង ដែលជាការផ្ដល់គុណតម្លៃបន្ថែមដល់និស្សិត ផងដែរ។
សូមរំលឹកផងដែរថា គម្រោង “ការប្រើប្រាស់ប្រព័ន្ធសម្អាត និងបម្លែងសំណល់សារធាតុចិញ្ចឹម ក្នុងទឹកអាងចិញ្ចឹមត្រី ដើម្បីប្រើប្រាស់ ក្នុងការដាំបន្លែលើទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ” ជាគម្រោងដែល វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ទទួលបានជ័យលាភីក្នុងគម្រោង ASEAN BLUE INNOVATION SYSTEM និងទទួលបានការគាំទ្រថវិកា ពី UNDP-INDONESIA ៕

