សមត្ថកិច្ចឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរំលោភ និងផលិតរូបភាពអាសអាភាសលើកុមារ រហូតដល់ទៅ៨អង្គ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរំ.លោ.ភ និងផលិតរូបភាពអា.ស.អា.ភា.សលើកុមារ រហូតដល់ទៅ៨អង្គ នៅតាមបណ្ដាវត្តមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបាត់ដំបង។ នេះបើតាមការឱ្យដឹងពីអង្គភាពការពារកុមារ CPU នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ប្រតិបត្តិការនេះក្រុមការងារចម្រុះ LIMA24 មានការចូលរួមពីក្រសួងមហាផ្ទៃ សហការតាមដានសកម្មភាពរបស់ព្រះសង្ឃម្នាក់ ដែលមានព្រះជន្ម២៧វស្សា ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសលើជនរងគ្រោះជាកុមារដែលជាអនិតិជន និងបទល្មើសផលិតរូបភាពអាសអាភាសលើកុមារ បន្ទាប់ពីបានរកឃើញថា មានរូបភាពអាសអាភាសលើកុមារកម្ពុជា ផលិតដោយព្រះសង្ឃនោះផ្ទាល់ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមអនឡាញ ខណៈជនរងគ្រោះសុទ្ធសឹងជាកូននេនគង់នៅតាមបណ្ដាវត្តក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបាត់ដំបង ចំនួន៨អង្គ មានព្រះជន្មចាប់ពី៩វស្សាដល់១៤វស្សា។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ផ្សឹកតាមច្បាប់ព្រះសាសនា និងបានបញ្ជូនបន្តទៅកាន់ពន្ធនាគាររួចរាល់រង់ចាំបន្តនីតិវិធី។
ជាមួយគ្នានេះ លោក ជេម ម័គកាប៊ី James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា៖«បុគ្គលទ្រុស្តសីលនេះ គឺជាហានិភ័យដ៏ធំទៅដល់កុមារ ហើយខ្ញុំសូមបង្ហាញការកោតសរសើរ ទៅដល់សមាជិកក្រុមការងារចម្រុះទាំងអស់ ជាពិសេសចំពោះការឆ្លើយតបរហ័សពីរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យសន្តិសុខមាតុភូមិ (HSI) ដែលបានផ្តល់ជាការគាំទ្រក្នុងការស៊ើបអង្កេត និងការឃាត់ខ្លួនជនសង្ស័យផងដែរ»។
បន្ថែមលើនេះ នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេត គឺជាឧទាហរណ៍ដ៏ល្អប្រសើរមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់រាល់ស្ថាប័ន្នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារពីជនប្រមាញ់តាមប្រព័ន្ធអនឡាញ ហើយក៏ជាសារដ៏សំខាន់មួយ សម្រាប់រាល់បុគ្គលទាំងនោះដែលគិតថា ប្រទេសកម្ពុជាមិនមានលទ្ធភាពក្នុងការស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ៕

