សម្តេចធិបតី៖ កម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនៅក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងល្អ និងជាប្រទេសក្នុងតំបន់ កម្ពុជា ជឿជាក់ថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ មានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន ៕

