នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ បងប្អូនខ្មែរឥស្លាម ជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ។
ក្នុងឱកាសអញ្ជើញ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយ នៃសហគមន៍ឥស្លាមអន្តរជាតិ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកទុកចិត្ត ជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោក ឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ខ្លួនខ្ញុំផ្ទាល់ ក៏ផ្តល់ការយកចិត្តទុកដាក់ នូវការជំរុញឧស្សាហកម្មផលិតកម្ម និងការនាំចេញផលិតផល ហាឡាល ដើម្បីឱ្យកម្ពុជា អាចចាប់យកកាលានុវត្តដ៏ទូលំទូលាយ នៃទីផ្សារហាឡាល ដែលមានការបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុឡោមភាពច្បាស់លាស់ លើគោលការណ៍ហាឡាលកម្រិតអន្តរជាតិ» ៕

