សម្តេចធិបតី៖ បច្ចុប្បន្ននេះក្រោមម្លប់នៃសន្តិភាពយើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ថ្លែងថាសម្រាប់កម្ពុជា សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។
សម្តេចធិបតី បន្ថែមថា ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណី ដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគ-តិចចាម ថាជា “ខ្មែរឥស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគ-តិចចាម បានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយ ស្របច្បាប់ និង ក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុក នូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ៕

