បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាហ៍ ដែលសម្របសម្រួលដោយអាមេរិក និងបារាំង កំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង

បេរូត៖ បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាហ៍ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងបារាំងកំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង ដោយមនុស្សយ៉ាងហោចណាស់៩ នាក់ត្រូវបានផ្តាច់ជីវិត និង៣ នាក់ទៀតរងរបួសកាលពីថ្ងៃចន្ទទី២ វិច្ឆិកាក្នុងការវាយប្រហារឥតញញើតដៃរបស់អ៊ីស្រាអែលទៅលើទីក្រុងចំនួន២ នៅភាគខាងត្បូងនៃប្រទេសលីបង់។
ការណ៍នេះបង្ហាញថា ប្រសិទ្ធភាពនៃបទឈប់បាញ់កំពុងរសាត់ទៅតាមខ្យល់ ខណៈរដ្ឋធានី៏ហ្សេរ៊ុយហ្សាឡិមចាត់ទុកការវាយប្រហាររាប់សិបកន្លែងនៅទូទាំងប្រទេសលីបង់គឺជាការកំណត់គោលដៅលើក្រុមហេសបូឡាហ៍។
ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែលបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហេសបូឡាហ៍បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានបាញ់មីស៊ីលទៅលើទីតាំងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ដែលមានជម្លោះ Shebaa Farms ខណៈក្រុមនេះចាត់ទុកការវាយប្រហារនេះជាការព្រមានការពារ។ ការបន្តបាញ់គ្នាបែបនេះបានធ្វើឱ្យបទឈប់បាញ់ស្ថិតក្នុងស្ថានភាពផុយស្រួយកាន់តែខ្លាំងឡើង ស្របពេលដែលបទឈប់បាញ់នេះចូលជាធរមានមិនដល់មួយសប្តាហ៍ផង។ បទឈប់បាញ់នេះបានហាមប្រាមអ៊ីស្រាអែលជុំវិញប្រតិបត្តិការយោធាវាយលុកនៅក្នុងប្រទេសលីបង់ និងតម្រូវឱ្យលីបង់រារាំងការពារក្រុមប្រដាប់អាវុធ រួមទាំងក្រុមហេសបូឡាហ៍វាយប្រហារលើអ៊ីស្រាអែល។
ទះដៃម្ខាងមិនឮទេ យោធាអ៊ីស្រាអែលបានរាយការណ៍ថាមិនមានអ្នកស្លាប់ដោយសារការបាញ់មីស៊ីល២ គ្រាប់របស់ក្រុមហេសបូឡាហ៍ទេ ប៉ុន្តែនាយករដ្ឋមន្ត្រីចិត្តឆៅរបស់អ៊ីស្រាអែលលោក បែនចាមីន នេតាន់យ៉ាហ៊ូ បានប្តេជ្ញាឆ្លើយតបយ៉ាងដាច់អហង្កា។
ការណ៍នេះកើតឡើងបន្ទាប់ពីក្រុមហេសបូឡាហ៍បានបាញ់មីស៊ីលជាលើកដំបូងរបស់ខ្លួនចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីសងសឹកចំពោះការរំលោភលើបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់អ៊ីស្រាអែល។ ជុំវិញបញ្ហាដ៏រសើបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ម៉ាតធ្យូ មីលឡឺ បានសង្កត់ធ្ងន់ថា ៖«យើងកំពុងចូលរួមតាមរយៈយន្តការមួយជាមួយប្រទេសបារាំង អ៊ីស្រាអែល និងលីបង់ ដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហានៃការរំលោភបទឈប់បាញ់បែបនេះ»។

