ឥណ្ឌូណេស៊ី គ្រោងនឹងបញ្ជូនអ្នកទោសបរទេស ត្រឡប់ទៅប្រទេសកំណើតវិញនៅចុងឆ្នាំនេះ

ហ្សាការតា៖ រដ្ឋមន្ត្រីសម្របសម្រួលនៃប្រទេសឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកច្បាប់ សិទ្ធិមនុស្ស អន្តោប្រវេសន៍ និងមណ្ឌលអប់រំកែប្រែ លោក យូសរីល អ៊ីហ្សា ម៉ាហេនដ្រា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបញ្ជូនអ្នកទោសជនជាតិអូស្ត្រាលី បារាំង និងហ្វីលីពីន ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅចុងឆ្នាំនេះ។
លោក យូសរីល បានបន្តថា គោលដៅរបស់យើង គឺសង្ឃឹមថានៅចុងខែធ្នូ ការផ្ទេរអ្នកទោសទាំងនេះនឹងត្រូវបានបញ្ចប់។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក យូសរីល បញ្ជាក់កាលពីសប្តាហ៍មុនថា លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ បានយល់ព្រមលើការផ្ទេរអ្នកជាប់ឃុំជនជាតិហ្វីលីពីនម្នាក់ឈ្មោះ ម៉ារី ជេន វេឡូសូ (Mary Jane Veloso)។ ការពិភាក្សា ក៏កំពុងបន្តជាមួយរដ្ឋធានីកង់បេរ៉ាជុំវិញការផ្ទេរជនជាតិអូស្ត្រាលី៥នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៥ ពាក់ព័ន្ធនឹងគ្រឿងញៀន។
លោក យូសរីល បានបន្តថា លោកនឹងពិភាក្សាអំពីករណីរបស់អ្នកទោសទាំងនោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក ថូនី ប៊ឺក (Tony Burke) នៅសប្តាហ៍ក្រោយ។
រដ្ឋមន្ត្រីឥណ្ឌូណេស៊ីរូបនេះ បានបន្ថែមថា រដ្ឋាភិបាល ក៏កំពុងសម្របសម្រួលជាមួយរដ្ឋធានីប៉ារីស អំពីលទ្ធភាពផ្ទេរអ្នកទោសជនជាតិបារាំង។ លោកបានលើកឡើងថា យើងកំពុងផ្ទេរអ្នកទោសទៅកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីឱ្យពួកគេអាចបម្រើទោសរបស់ពួកគេនៅទីនោះ ប៉ុន្តែប្រសិនបើប្រទេសនានា ចង់ផ្តល់ការលើកលែងទោស យើងនឹងគោរពតាម ព្រោះវាជាសិទ្ធិរបស់ពួកគេ។

