សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី ១២ បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើការជំរុញសន្តិភាព, ការលើកកម្ពស់ការផ្សះផ្សា, សហវិជ្ជមាន, អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នា សម្រាប់មនុស្សជាតិ។
ក្នុងឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និង មោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និង លទ្ធផលជាផ្លែផ្កា។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា សម្តេចបានធ្វើការកត់សម្គាល់ដោយការពេញចិត្តជាខ្លាំង ចំពោះការអនុម័តលើសេចក្តីប្រកាសសន្តិភាពរាជធានីភ្នំពេញ និង សេចក្តីថ្លែងការណ៍របស់ ACC ដែលបានបង្ហាញពីបំណងប្រាថ្នា, ការប្តេជ្ញាចិត្ត និង កិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងចំណោមគណបក្សនយោបាយជាសមាជិកនៃ ICAPP ដើម្បីឆ្ពោះទៅស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលទាំងនេះជាប្រធានបទនៃមហាសន្និបាតលើកទី១២នេះ ៕

