បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាសហធិបតីក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ STARLIGHT APPAREL MANUFACTURING CO., LTD. ក្នុងខេត្តកណ្តាល ដោយមានវត្តមានចូលរួមពីតំណាងមន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ប្រមាណជា ៤០០នាក់។
ក្នុងឱកាសបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារបានថ្លែងថា៖ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។ ក្នុងន័យនេះ ប.ស.ស. ក៏បានកំណត់នៅកម្មវិធីសិក្សា កិច្ចសហការ ដើម្បីរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងត្រូវធ្វើការសិក្សាសមិទ្ធិលទ្ធភាពអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកបងប្អូនកម្មករនិយោជិត យ៉ាងយូរត្រឹមឆ្នាំ២០២៧ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត។
ឯកឧត្តមបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រនានា ត្រូវធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតរបស់ខ្លួនដោយប្រកាសបង់ភាគទានមក ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតដែលជួបគ្រោះថ្នាក់ការងារ និងមានបញ្ហាសុខភាពអាចទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. បានដោយឥតគិតថ្លៃ។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងសារក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរ នៅលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ទូច សុភា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ៕

