ក្រសួងសន្តិសុខរដ្ឋចិន អះអាងថា រដ្ឋធានីប៉េកាំងបានទាញយកឧបករណ៍ចារកម្មនៅលើផ្ទៃសមុទ្រ និងបង្គោលភ្លើងហ្វាក្រោមទឹក

ប៉េកាំង៖ ក្រសួងសន្តិសុខរដ្ឋចិនបានអះអាងនៅថ្ងៃអង្គារទី២៩តុលាថា រដ្ឋធានីប៉េកាំងបានទាញយកឧបករណ៍ចារកម្មទាំងនៅលើផ្ទៃសមុទ្ទ និងក្នុងសមុទ្ទទឹកជ្រៅ រួមទាំងបង្គោលភ្លើងហ្វាក្រោមទឹក ដែលអាចកំណត់ទិសដៅឆ្លងកាត់សម្រាប់នាវាមុជទឹកបរទេសដើម្បីឈ្លានពានដែនទឹក។
ក្រសួងសន្តិសុខរដ្ឋចិនបានបង្ហាញថា ខ្លួនបានរកឃើញឧបករណ៍ដែលត្រូវបានបង្កប់នៅក្រោមបាតសមុទ្ទជាច្រើន ដោយក្រសួងបានសង្កត់ធ្ងន់ថា ៖«កងកម្លាំងសន្តិសុខជាតិចិនបានរឹបអូសឧបករណ៍បច្ចេកទេសពិសេសជាច្រើនប្រភេទដែលប្រើសម្រាប់ចារកម្មព័ត៌មាន និងទិន្នន័យសមុទ្ទ ដែលបង្កប់នៅក្នុងលម្ហសមុទ្ទដ៏ធំល្វឹងល្វើយ»។
ក្រសួងសន្តិសុខក៏បានបញ្ជាក់បន្ថែមថា ៖«ខ្លះដើរតួនាទីជាភ្នាក់ងារសម្ងាត់ ខ្លះជាឧបករណ៍រសាត់អណ្តែតតាមទឹករលក ឧបករណ៍ខ្លះតាមដានស្ថានភាពនៅក្នុងដែនទឹកក្នុងពេលវេលាជាក់ស្តែង។ ឧបករណ៍ខ្លះទៀតដើរតួនាទីជាបង្គោលភ្លើងហ្វានៅក្រោមទឹកដែលបង្ហាញពីទិសដៅសម្រាប់នាវាមុជទឹកបរទេសដែលបានឈ្លានពានដែនទឹករបស់យើង»។ យ៉ាងណា នាគរាជចិនមិនបានបញ្ជាក់ពីកន្លែងដែលឧបករណ៍ទាំងនោះត្រូវបានរកឃើញនោះទេ។
ការប្រឈមមុខដាក់គ្នាក្នុងដែនសមុទ្ទ និងផ្លូវអាកាសនាពេលថ្មីៗនេះនៅសមុទ្ទចិនខាងត្បូងរវាងចិននិងហ្វីលីពីនកើនឡើងកាន់តែខ្លាំង ខណៈការទាមទារដែនទឹករបស់ចិនក្នុងផ្លូវទឹកជាយុទ្ធសាស្ត្របានបង្កើនហានិភ័យនៃការកើនឡើងដែលអាចចូលរួមពីសហរដ្ឋអាម៉េរិក ដែលជាសន្ធិសញ្ញាកំណត់ដើម្បីការពារហ្វីលីពីន ប្រសិនបើប្រទេសកោះនេះរងការវាយប្រហារ។ ថ្មីៗនេះ ប្រទេសចិនក៏បានរៀបចំល្បែងសង្រ្គាមជុំវិញកោះតៃវ៉ាន់ តាមរយៈការក្លែងវាយប្រហារ និងការដាក់ពង្រាយនាវា និងយន្តហោះចម្បាំង ដោយរងការថ្កោលទោសពីរដ្ឋាភិបាលកោះតៃប៉ិ និងបងធំអាម៉េរិក។
គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យភាពលើសមុទ្ទចិនខាងត្បូងស្ទើរតែទាំងស្រុង រួមទាំងតំបន់ដែលទាមទារត្រួតស៊ីគ្នាដោយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម៕

