លទ្ធផលប្រឡង បាក់ឌុប នៅភ្នំពេញ និងខេត្ដកណ្ដាល នឹងប្រកាសនៅថ្ងៃស្អែកនេះ ខណៈតាមបណ្ដាខេត្ដផ្សេងៗ នឹងប្រកាសនៅថ្ងៃ៣១ តុលា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន នឹងកីឡា បានឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ខណៈតាមបណ្ដាខេត្ដផ្សេងៗ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។ ចំនួនបេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប៕
