ប្រជាពលរដ្ឋអ៊ុយក្រែន បង្ហាញភាពតានតឹងនៅក្នុងចិត្ត ខណៈការបោះឆ្នោតសហរដ្ឋអាមេរិក នឹងឈានជិតមកដល់

គៀវ៖ ចំនួន២ដងក្នុងមួយឆ្នាំដែលអ្នកស្រី Kristina Petrenko មកទស្សនាទីលានឯករាជ្យក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលទង់តំណាង ឱ្យទាហានដែលបានស្លាប់ បម្រើជាការរំលឹកយ៉ាងមុតមាំ អំពីការឈឺចាប់របស់ប្រទេសនេះ។ អ្នកស្រី រួមជាមួយនឹងជនជាតិអ៊ុយក្រែន មានភាពស្រពិចស្រពិល ខណៈសហរដ្ឋអាមេរិក ខិតកាន់តែជិតដល់សម្រាប់ការ បោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ វិច្ឆិកាខាងមុខនេះ។
មនុស្សជាច្រើនជឿថា លទ្ធផលនឹងមានឥទ្ធិពល ថាតើ ពួកគេនឹងបន្តទទួលបានការគាំទ្រ ពីអ្នកគាំទ្រដ៏ធំបំផុតរបស់ពួកគេរឺយ៉ាងណា ចាប់តាំងពីការឈ្លានទាំងស្រុងរបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
អ្នកស្រី Petrenko បានប្រាប់ដល់ទីភ្នាក់ងារ CNA ទាំងទឹកភ្នែកថា “ប្រសិនបើយើងបាត់បង់ការគាំទ្រ យើងបាត់បង់អ្វីៗទាំងអស់ ហើយការលះបង់ទាំងអស់នេះ នឹងគ្មានប្រយោជន៍អ្វីទាំងអស់ ។ វាពិតជាឈឺចាប់ណាស់ ក្នុងការមើលឃើញដូច្នេះ” ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខភាពប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ នាពេលបច្ចុប្បន្ននេះ លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងកាត់ផ្តាច់ជំនួយដល់អ៊ុយក្រែន ដោយបានថ្លែងថា គាត់នឹងបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងប្រសិនបើគាត់ បានទៅកាន់តំណែងនៅឯសេតវិមានវិញនោះ ។
ប្រជាជនអ៊ុយក្រែន បានលើកឡើងថា ពួកគេព្រួយបារម្ភអំពីចក្ខុវិស័យរបស់លោក ត្រាំ ថាតើ ការបញ្ចប់សង្គ្រាមនឹងទៅជាយ៉ាងណា។
ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ដែលមានឈ្មោះថា Lisa បាននិយាយថា “វានឹងបញ្ចប់ទៅតាមលក្ខខណ្ឌរបស់រុស្ស៊ី ។ យើងនឹងត្រូវផ្តល់ទឹកដីពាក់កណ្តាល របស់អ៊ុយក្រែន និង ផ្តល់ឱ្យ ដូចតំបន់ គ្រីមៀ ប្រហែលជាមានអ្វីមួយបន្ថែមទៀត ដើម្បីបញ្ចប់សង្រ្គាម” ៕
