អាមេរិកលក់ប្រព័ន្ធមីស៊ីល និងរ៉ាដា ឱ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានអះអាងកាលពីថ្ងៃសុក្រ ទី២៥ ខែតុលាថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់សព្វាវុធតម្លៃ ២ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលរួមមាន ប្រព័ន្ធមីស៊ីល និងប្រព័ន្ធរ៉ាដា។
សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយការពារកោះតៃវ៉ាន់ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ចិនបាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងរៀបចំល្បែងសង្រ្គាមថ្មីជុំវិញកោះកាលពីសប្តាហ៍មុន។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបានបង្ហាញថា ការលក់ថ្មីនេះមានទឹកប្រាក់ចំនួន ១,១៦ពាន់លានដុល្លារទៅលើប្រព័ន្ធមីស៊ីល និងប្រព័ន្ធរ៉ាដាដែលមានតម្លៃប៉ាន់ស្មាន ៨២៨លានដុល្លារ។
មន្ទីរបញ្ចកោណអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់អ្នកទទួល ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារជាតិដ៏គួរឱ្យទុកចិត្ត។ វានឹងជួយកែលម្អសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ ជុំវិញការប្រឈមមុខនឹងលំហាត់សឹកជាញឹកញាប់របស់ប្រទេសចិន។
គួរជម្រាបថា យោធារបស់តៃវ៉ាន់កំពុងពង្រឹងគ្រឿងសព្វាវុធរបស់ខ្លួន ដើម្បីអាចប្រឈមមុខនឹងការវាយប្រហារណាមួយពីប្រទេសចិន រួមទាំងការសាងសង់នាវាមុជទឹកផ្ទាល់ខ្លួនដើម្បីការពារខ្សែផ្គត់ផ្គង់នៅដែនសមុទ្ទដ៏សំខាន់ផងដែរ។

