រាជរដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាឱ្យកូនខ្មែរ នៅគ្រប់កន្លែងទាំងអស់ ទទួលបានការសិក្សារៀនសូត្រ ជាមួយសាលាល្អ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាឱ្យកូនខ្មែរ នៅគ្រប់កន្លែងទាំងអស់ ទទួលបានការសិក្សារៀនសូត្រ ជាមួយសាលាល្អ និងមេរៀនទំនើបៗពាក់ព័ន្ធបច្ចេកវិទ្យាជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងថវិកាជាតិប្រចាំឆ្នាំ គឺយើងតែងតែបង្កើន ទៅលើវិស័យអាទិភាពធំៗជាច្រើន ក្នុងនោះធំ២ គឺសុខាភិបាល និងអប់រំ ដែលយើងមិនអាចចោលបាន។ ហើយចំណាយទៅលើវិស័យសុខាភិបាលរបស់យើង ចំណាយទៅលើកម្មវិធីគាំពារសង្គម ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋរបស់យើងកាន់តែល្អ ការចំណាយរបស់យើង កម្មវិធីឧបត្ថម្ភ រួមទាំងឧបត្ថម្ភអាហារមួយចំនួន នៅតាមសាលាមួយចំនួន គឺយើងបានបង្កើន សហការជាមួយដៃគូរបស់យើង ប៉ុន្តែអ្វីដែលសំខាន់ ចំណីទាំងផ្លូវកាយ ចំណីទាំងអារម្មណ៍ និងចំណេះដឹងឱ្យកាន់តែរឹងមាំ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងនឹងបន្តធ្វើយ៉ាងណា ឱ្យកូនខ្មែរ របស់យើង នៅគ្រប់កន្លែងទាំងអស់ មិនថានៅទីនេះ ម្សិលម្ងៃខ្ញុំទៅមណ្ឌលគីរី ខ្ញុំឃើញក្មួយៗនៅទីនោះ ថ្នាក់ទី១១ ថ្នាក់ទី១២ ក៏មានឱកាសអង្គុយរៀននៅសាលាល្អ មានឱកាសរៀន នូវមេរៀនទំនើប នេះហើយដែលយើងនឹងបន្តរុញតទៅទៀត ពិតណាស់យើងបានរីកច្រើន ប៉ុន្តែមិនទាន់គ្រប់កន្លែងនោះទេ ហើយជាពិសេសនៅតំបន់ខ្លះ ដែលយើងឃើញថា កន្លែងថ្មី កន្លែងដែលធ្លាប់តែជាទីលានប្រយុទ្ធគ្នាពីមុន យើងដោះមីន បង្កើតភូមិ អីចឹងចំនួនប្រជាជនកើនលឿនជាង យើងបន្តជំរុញកសាង ៕

