ប្រជាជនអាម៉េរិក ២៥លាននាក់ បានទៅបោះឆ្នោតរួចរាល់ ខណៈបេក្ខជនទាំង២ បន្តដើរឃោសនារកសំឡេងឆ្នោត

វ៉ាស៊ីតោន៖ ពីរសប្តាហ៍ទៀតដល់ថ្ងៃបោះឆ្នោត ប្រជាជនអាម៉េរិករាប់លាននាក់កំពុងបោះឆ្នោតជារៀងរាល់ថ្ងៃ មិនថាដោយផ្ទាល់ ឬដោយសន្លឹកឆ្នោតតាមសំបុត្រ។ អ្នកបោះឆ្នោតអាម៉េរិកប្រមាណ២៥លាននាក់ បានបោះឆ្នោតរួចហើយ ខណៈបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស កំពុងស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដែលមិនទាន់បានសម្រេចចិត្តនៅឯសាលប្រជុំក្នុងរដ្ឋផេនស៊ីលវេនៀ ខណៈលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋកំពុងធ្វើយុទ្ធនាការនៅរដ្ឋចចចៀ (Georgia)។
អ្នកបោះឆ្នោតជិត២៥លាននាក់បានទៅបោះឆ្នោត ទាំងតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬតាមសំបុត្រ នេះបើយោងតាមទិន្នន័យតាមដានពី Election Lab នៅសាកលវិទ្យាល័យផ្លរីដា។ លោក ត្រាំ បានប្រាប់អ្នកគាំទ្រពីព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅរដ្ឋចចចៀថា៖«ការបោះឆ្នោតនៅចចចៀ និងនៅគ្រប់រដ្ឋទាំងអស់ គឺស្ថិតក្នុងកម្រិតកំណត់ត្រា។ យើងកំពុងធ្វើបានយ៉ាងល្អ ហើយសង្ឃឹមថា យើងអាចជួសជុលប្រទេសរបស់យើងបាន»។ ការបោះឆ្នោតមុនកាលកំណត់ បានកើតឡើងនៅពេលអនុប្រធានាធិបតី ហារីស និងអតីតប្រធានាធិបតី ត្រាំ នៅតែមានការគាំទ្រប្រកៀកប្រកិតគ្នាក្នុងរដ្ឋប្រកួតប្រជែងបំផុតចំនួន៧ ដែលមានរយៈពេលតិចជាងពីរសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ រដ្ឋផេនស៊ីលវេនៀ និងចចចៀ ស្ថិតក្នុងចំណោមរដ្ឋសមរភូមិទាំង៧ ដែលនឹងសម្រេចថា នរណាជាអ្នកឈ្នះតំណែងប្រធានាធិបតី ហើយបេក្ខជនទាំងពីរ ទំនងជាចំណាយពេលភាគច្រើននៃយុទ្ធនាការរបស់ពួកគេនៅទីនោះ។
លោក ត្រាំ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមូលដ្ឋានគ្រឹះនៃអាជីពនយោបាយរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៥ បាននិយាយនៅក្នុងទីក្រុង Zebulon ថា វាជារឿងគួរឱ្យសោកស្ដាយដែលពេលវេលារបស់លោក ក្នុងនាមជាបេក្ខជននយោបាយជិតមកដល់ទីបញ្ចប់ ហើយប្រសិនបើលោកទទួលបានជ័យជម្នះនៅថ្ងៃទី៥ ខែវិច្ឆិកា លោកនឹងបម្រើអាណត្តិទីពីរ និងចុងក្រោយរបស់ខ្លួន។ ដោយឡែក លោកស្រី ហារីស គ្រោងនឹងចូលរួមនៅក្នុងសាលប្រជុំ CNN ក្នុងទីក្រុង Chester Township រដ្ឋផេនស៊ីលវេនៀ ជាការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តឱ្យគាំទ្រខ្លួន។ លោកស្រីបានឆ្លៀតយកប្រយោជន៍ពីការកត់សម្គាល់ ដែលធ្វើឡើងដោយលោក ចន ខេលី (John Kelly) អតីតប្រធានបុគ្គលិកសេតវិមានរបស់លោក ត្រាំ ដោយបានលើកឡើងថា អតីតប្រធានាធិបតី សមនឹងនិយមន័យនៃហ្វាស៊ីសនិយម និងចូលចិត្តរបបផ្តាច់ការ។ លើសពីនេះ លោកស្រី ហារីស បានហៅលោក ត្រាំ ថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិក។
ទន្ទឹមគ្នានោះ អនុប្រធានាធិបតីរូបនេះ បានបរាជ័យក្នុងការជំរុញឱ្យលោក ត្រាំ យល់ព្រមក្នុងការជជែកដេញដោលប្រធានាធិបតីលើកទីពីរ នៅលើទូរទស្សន៍ CNN បន្ទាប់ពីលោកស្រីត្រូវបានគេចាត់ទុកថា បានឈ្នះការជជែកដេញដោលប្រធានាធិបតីលើកដំបូង និងតែមួយគត់ រវាងបេក្ខជនទាំងពីរដែលបានធ្វើឡើងនៅក្នុងខែកញ្ញា លើទូរទស្សន៍ ABC News។ លោកស្រី ហារីស បាននាំមុខលើអតីតប្រធានាធិបតី នៅក្នុងការស្ទង់មតិចុងក្រោយរបស់ Reuters/Ipsos។

