ឥស្សរជន០៣រូប ដែលមានបទពិសោធក្នុងការដឹកនាំអង្គភាព ក្រសួង ស្ថាប័ន ចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ» ជូនមន្ត្រីរាជការជាន់ខ្ពស់ មកពីក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត

ភ្នំពេញ៖ សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ» ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ទទួលបានកិត្តិយស ដោយមានវាគ្មិនកិត្តិយស ចំនួន០៣រូប ដែលមានបទពិសោធក្នុងការដឹកនាំអង្គភាព ក្រសួង ស្ថាប័ន ទទួលបានជោគជ័យកន្លងមក បានចូលរួមធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ»។ វាគ្មិនទាំង៣រូប នោះរួមមាន៖ ១).ឯកឧត្តម ឯក ស៊ុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងស្ថាប័នថ្នាក់ជាតិ, ២).ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងស្ថាប័នថ្នាក់ក្រោមជាតិ និង៣).លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងអង្គភាពក្នុងវិស័យឯកជន។
រាល់បទបង្ហាញនីមួយៗសុទ្ធតែបានផ្តល់ពុទ្ធិ និងបទពិសោធន៍យ៉ាងច្រើន លើភាពជាអ្នកដឹកនាំ ជាពិសេសការផ្សាភ្ជាប់បេសកកម្មផ្ទាល់ខ្លួន ជាមួយស្ថាប័ន និងអង្គភាពដែលខ្លួនកំពុងបំពេញរហូតសម្រេចសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ អ្វីដែលការកត់សម្គាល់បន្ថែមលើសពីនេះទៀតនោះ គឺវាគ្មិនកិត្តិយសទាំង៣ រូបសុទ្ធតែបានបង្ហាញថា ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងការផ្តល់ឱកាសនៃការអភិវឌ្ឍសមត្ថភាពសហការីជាប្រចាំជាគន្លឹះមួយនៃភាពជាអ្នកដឹកនាំល្អម្នាក់។
សូមជម្រាបផងដែរថា សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ» ទទួលបានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃដដែល ៕

