ក្រុមហាម៉ាស់ប្រារព្ធខួប១ឆ្នាំ នៃការវាយប្រហារ និងប្រកាសត្រៀមខ្លួនសម្រាប់ជម្លោះដ៏រ៉ាំរ៉ៃ

បរទេស៖ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុម Hamas បានប្រកាសកាលពីថ្ងៃចន្ទថា ការត្រៀមខ្លួនរបស់ពួកគេសម្រាប់ជម្លោះដ៏រ៉ាំរ៉ៃប្រឆាំងនឹងអ៊ីស្រាអែលនៅតំបន់ Gaza Strip។
លោក Abu Ubaida អ្នកនាំពាក្យកងពលតូច Al-Qassam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលប្រារព្ធខួបលើកទី១ នៃការវាយលុករបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលាថាយើងជ្រើសរើសដើម្បីបន្តសង្រ្គាមដ៏យូរនិងឈឺចាប់ប្រឆាំងនឹងអ៊ីស្រាអែល។ លោកបញ្ជាក់ថា ការប្រយុទ្ធដែលកំពុងបន្តបានបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះ។
លោក Abu Ubaida បានអះអាងថា ក្រុមហាម៉ាស់បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបន្ថែមថា នៅគ្រប់សមរភូមិប្រយុទ្ធ និងទូទាំងតំបន់ហ្គាហ្សា យើងបានសម្លាប់ និងកំណត់គោលដៅទាហានរាប់រយនាក់ បំផ្លាញយានជំនិះអ៊ីស្រាអែល និងកែលម្អយុទ្ធសាស្ត្ររបស់យើង។
លោកបានពណ៌នាជម្លោះនេះថាជាការប្រយុទ្ធប្រឆាំងនឹងសត្រូវឧក្រិដ្ឋកម្មក្នុងសមរភូមិមិនស្មើភាព។
ថ្លែងទៅកាន់ចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារកាលពីខែតុលាកន្លងទៅ លោក Abu Ubaida បានបញ្ជាក់ថា ចាប់ពីថ្ងៃដំបូងមក យើងបានធានាការការពារ និងសុវត្ថិភាពរបស់អ្នកជាប់ឃុំ ប៉ុន្តែមហិច្ឆតារបស់លោក Netanyahu បានរារាំងការវិលត្រឡប់របស់ពួកគេអស់រយៈពេលមួយឆ្នាំ។
លោកបានព្រមានថាជោគវាសនារបស់ចំណាប់ខ្មាំងឥឡូវនេះពឹងផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ហើយបានព្រមានថាស្ថានភាពរបស់ពួកគេអាចកាន់តែអាក្រក់ប្រសិនបើកងកម្លាំងអ៊ីស្រាអែលឈានទៅមុខ ដោយបញ្ជាក់ថាក្រុមហាម៉ាស់បានណែនាំឆ្មាំរបស់ខ្លួនឱ្យធ្វើសកម្មភាពប្រសិនបើយោធាអ៊ីស្រាអែលចូលទៅជិត។
យោធាអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយឆ្មក់ឆ្លងព្រំដែនដ៏ប្រល័យរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យជនជាតិអ៊ីស្រាអែលស្លាប់ប្រហែល ១,២០០នាក់ និងការចាប់ពង្រត់មនុស្សប្រហែល ២៥០នាក់។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃចន្ទថាចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលបានកើនឡើងដល់ ៤១,៩០៩នាក់។
