ប្រមុខយោធាអាហ្វ្រិកចេញឱសានវាទដល់បេសកជនអាមេរិក

បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Popp គួរតែសុំទោសប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni ឬចាកចេញពីប្រទេសអាហ្វ្រិកខាងកើត នេះបើយោងតាមប្រធានកងកម្លាំងការពារជាតិ លោកឧត្តមសេនីយ៍ Muhoozi Kainerugaba។
ចាប់តាំងពីលោក Popp ក្លាយជាបេសកជនរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីអ៊ូហ្គង់ដាចំនួនកើនឡើងត្រូវបានដាក់នៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កាលពីដើមសប្តាហ៍នេះ មន្ត្រីប៉ូលីសលំដាប់កំពូលចំនួនបួននាក់ត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅដោយក្រសួងការបរទេស លើការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្មផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ថានទូតអាមេរិកនៅរដ្ឋធានី Kampala បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយអង្គការក្រៅរដ្ឋាភិបាល និងក្រុមប្រឆាំង។
នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើ X កាលពីថ្ងៃសុក្រ លោក Kainerugaba បានស្តីបន្ទោសលោក Popp ចំពោះការមិនគោរពឪពុករបស់លោកប្រធានាធិបតី Museveni និងបំផ្លាញរដ្ឋធម្មនុញ្ញរបស់ប្រទេស។
លោកបានសរសេរថា ប្រសិនបើឯកអគ្គរដ្ឋទូតអាមេរិកបច្ចុប្បន្នមិនសុំទោសលោក Mzee (ប្រធានាធិបតី Museveni) ដោយផ្ទាល់នៅព្រឹកថ្ងៃច័ន្ទ ចំពោះអាកប្បកិរិយាគ្មានការទូតរបស់គាត់នៅក្នុងប្រទេសរបស់យើង យើងនឹងទាមទារឱ្យគាត់ចាកចេញពីប្រទេសអ៊ូហ្គង់ដា។
ប្រមុខយោធាបានសង្កត់ធ្ងន់ថា អាជ្ញាធរអ៊ូហ្គង់ដា ស្រឡាញ់និងសរសើរអាមេរិក ហើយគ្មានបញ្ហាជាមួយប្រទេស។ លោកបានបន្ថែមថា ប៉ុន្តែថ្មីៗនេះ យើងមានភស្តុតាងជាច្រើនដែលថាពួកគេបានធ្វើការប្រឆាំងនឹងរដ្ឋាភិបាល NRM។
ចលនាតស៊ូជាតិ (NRM) ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតី Museveni គឺជាគណបក្សកាន់អំណាចនៅអ៊ូហ្គង់ដា តាំងពីឆ្នាំ១៩៨៦។
លោក Kainerugaba បានឲ្យដឹងថាវាមិនមែនជាបញ្ហាផ្ទាល់ខ្លួនជាមួយលោក Popp ប៉ុន្តែបញ្ហាជាតិ។ លោកបានសង្កត់ធ្ងន់ថា គ្មានប្រទេសបរទេសណាមួយនឹងត្រួតត្រាអ៊ូហ្គង់ដាម្តងទៀតឡើយ។ ប្រទេសអាហ្រ្វិកគឺជាអាណានិគមរបស់អង់គ្លេសនៅចន្លោះឆ្នាំ១៨៩៤ និង ១៩៦២។
ឧត្តមសេនីយមិនបានបញ្ជាក់ពីសកម្មភាពពិតប្រាកដរបស់ឯកអគ្គរដ្ឋទូតអាមេរិកដែលធ្វើឱ្យគាត់ចេញឱសានវាទនោះទេ។ លោក Pop មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ។
លោក Kainerugaba អាយុ ៥០ឆ្នាំធ្លាប់បានប្រកាសពីផែនការដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៦ ប៉ុន្តែកាលពីខែមុនគាត់បានគាំទ្រឪពុករបស់គាត់ដែលមានអាយុ ៨០ឆ្នាំដើម្បីស្វែងរកអាណត្តិទី៧ ក្នុងតំណែង។
កាលពីខែសីហា ប្រមុខយោធាបានប្រកាសខ្លួនឯងថាជា លោក ពូទីន ហើយបានសន្យាថានឹងបញ្ជូនទាហានអ៊ូហ្គង់ដា ដើម្បីការពារទីក្រុងមូស្គូ ប្រសិនបើវាត្រូវបានគំរាមកំហែងដោយពួកចក្រពត្តិនិយម។
