ឯកឧត្តម អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស ដឹកនាំគណៈប្រតិភូកម្ពុជាចុះធ្វើទស្សនកិច្ចសិក្សា និងពិភាក្សាការងារជាមួយគណៈប្រតិភូវៀតណាម

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានដឹកនាំគណៈប្រតិភូកម្ពុជាចុះធ្វើទស្សនកិច្ចសិក្សា និងពិភាក្សាការងារជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយ លោក Nguyen Hong Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងដោយមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរក្រសួង-ស្ថាប័ន និងបណ្តាក្រុមហ៊ុនវៀតណាម នៅក្នុងខេត្តតៃនិញ។
ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ខេត្តតៃនិញ និងភាពសកម្មរបស់មន្រ្តី អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅលើកស្ទួយសេដ្ឋកិច្ចខេត្ត និងប្រទេសវៀតណាម ទាំងមូល តាមរយៈការជំរុញពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់វិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារការទូតសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហការជាមួយប្រទេសជាដៃគូ ជាពិសេសប្រទេសវៀតណាមដែលជាមិត្តជិតខាងល្អ៕

