ឯកឧត្តម ហេង លឹមទ្រី៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃសុខសន្តិភាព ការអភិវឌ្ឍរបស់ប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង លឹមទ្រី សមាជិកយុវជនជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច ព្រមទាំងបោះឆ្នោតជ្រើសរើសបេក្ខភាពអនុប្រធានប្រចាំការ អនុប្រធាន ប្រធានលេខាធិការដ្ឋាន និងរបៀបរបបធ្វើការរបស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច និងរៀបចំសមាសភាពអ្នកទទួលបន្ទុកបញ្ចូលទិន្នន័យ។
ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ជូនចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអចិន្ត្រៃយ៍យុវជនគណបក្សក្រសួងអធិការកិច្ច។
លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។
ឯកឧត្តម ហេង លឹមទ្រី ក៏បានអំពាវនាវឱ្យក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច ទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕

