ស៊ែប៊ី ចុះហត្ថលេខាកិច្ចព្រមព្រៀង ៣ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងរបស់បារាំង ១២គ្រឿង

ប៊ែលហ្ក្រាដ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងរបស់បារាំងចំនួន ១២គ្រឿង ក្នុងការផ្លាស់ប្តូរប្រទេសរបស់លោកឱ្យឆ្ងាយពីការពឹងផ្អែកលើអាវុធរុស្ស៊ី។
ការប្រកាសអំពីយន្តហោះចម្បាំងពហុគោលបំណង Rafale ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងទីក្រុង Belgrade ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសស៊ែប៊ី ដែលជាផ្នែកនៃអ្វីដែលមន្ត្រីបារាំងបានហៅថាជាយុទ្ធសាស្រ្តនៃការនាំប្រទេសស៊ែប៊ីកាន់តែខិតទៅជិតសហភាពអឺរ៉ុប។
លោក Macron បានហៅកិច្ចព្រមព្រៀងនេះថាជាប្រវត្តិសាស្ត្រ និងសំខាន់ ហើយបានបញ្ជាក់ថា វាបង្ហាញពីភាពក្លាហានជាយុទ្ធសាស្ត្ររបស់ប្រទេសស៊ែប៊ី។
លោក Macron បានបន្តថា សហភាពអឺរ៉ុបត្រូវការប្រទេសស៊ែប៊ីដ៏រឹងមាំ និងប្រជាធិបតេយ្យនៅខាងខ្លួន ហើយស៊ែប៊ីត្រូវការអឺរ៉ុបដែលមានអធិបតេយ្យភាពរឹងមាំដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កន្លែងរបស់ស៊ែប៊ីគឺនៅក្នុងសហភាពអឺរ៉ុប ហើយវាមានតួនាទីធ្វើជាគំរូសម្រាប់តំបន់ទាំងអស់។
ស៊ែប៊ីកំពុងស្វែងរកសមាជិកភាពសហភាពអឺរ៉ុបជាផ្លូវការ ប៉ុន្តែនៅក្រោមការគ្រប់គ្រងស្វ័យភាពកាន់តែខ្លាំងឡើងរបស់លោក Vucic វាមានការរីកចម្រើនតិចតួចនៅក្នុងវិស័យនីតិរដ្ឋ និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលជាលក្ខខណ្ឌចម្បងសម្រាប់សមាជិកភាពនៅក្នុងប្លុក ២៧ប្រទេស។
ការលក់ Rafales ទៅឱ្យសម្ព័ន្ធមិត្តរុស្ស៊ី ស៊ែប៊ី ដែលម្តងម្កាលបានបង្ហាញពីជំហរឈ្លានពានចំពោះប្រទេសជិតខាង Balkan របស់ខ្លួនបានលើកឡើងនូវការព្រួយបារម្ភមួយចំនួន ដែលមួយក្នុងចំណោមនោះ គឺជារបៀបដែលប្រទេសបារាំងមានផែនការទប់ស្កាត់បច្ចេកវិទ្យា Rafale ដ៏ទំនើបពីការចែកចាយជាមួយរុស្ស៊ី។
