គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤

ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤។
សេចក្តីព្រាងច្បាប់ទាំង ៤ នោះ រួមមាន៖
១. សេចក្តីព្រាងច្បាប់៖ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
២. សេចក្តីព្រាងច្បាប់៖ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៣. សេចក្តីព្រាងច្បាប់៖ ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន សម្រាប់សម្ភារៈអគារ និងសំណង់។
៤. សេចក្តីព្រាងច្បាប់៖ ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ទាំង ៤ ខាងលើនេះ ដែលទទួលបានពីរាជរដ្ឋាភិបាលស្នើសុំពិនិត្យនិងអនុម័តពីរដ្ឋសភា ជូនទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដោយសហការជាមួយគណៈកម្មការទី៩ ដើម្បីរួមគ្នាពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញក្នុងពេលឆាប់ៗខាងមុខ៕

