ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)

ញូវដេលី៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសឥណ្ឌា និងជប៉ុន នៅថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI) លោហៈធាតុ ថាមពល និងការពារជាតិ ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចរវាងមហាអំណាចអាស៊ីទាំងពីរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ (Sanae Takaichi) មកកាន់ទីក្រុងញូវដេលី (New Delhi) ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។
លោក ម៉ូឌី បានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាសុក្រឹតរបស់ជប៉ុន និងសមត្ថភាពសូហ្វវែរ (Software) របស់ឥណ្ឌា នឹងជួយជំរុញការអភិវឌ្ឍវិស័យ AI សកលយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីវិស័យបច្ចេកវិទ្យា មេដឹកនាំទាំងពីរក៏បានប្រកាសពីកិច្ចព្រមព្រៀងអភិវឌ្ឍរួមគ្នាជាលើកដំបូងក្នុងវិស័យការពារជាតិផងដែរ ខណៈដែលប្រទេសទាំងពីរគឺជាសមាជិកដ៏សំខាន់នៃក្រុមសម្ព័ន្ធភាព Quad ដែលមានគោលដៅទប់ទល់នឹងឥទ្ធិពលចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកស្រី តាកាអ៊ីឈិ បានបញ្ជាក់ថា ការកសាងទំនាក់ទំនងសហប្រតិបត្តិការដែលបំពេញឱ្យគ្នាទៅវិញទៅមក គឺជារឿងសំខាន់បំផុតចំពេលដែលទិដ្ឋភាពអន្តរជាតិកំពុងមានភាពច្របូកច្របល់៕
