ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ៖ គណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបានជ្រើសរើស នៅចុងសប្តាហ៍នេះ

បាងកក៖ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក ភូមថាំ វេចឆាយ៉ាឆៃ បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវបានជ្រើសរើសនៅចុងសប្តាហ៍នេះ ។ រាជរដ្ឋាភិបាលនឹងចូលធ្វើការភ្លាមៗ បន្ទាប់ពីប្រកាសសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួន នៅចំពោះមុខសភានៅខែក្រោយ។
លោក ភូមថាំ ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីតុលាការធម្មនុញ្ញបណ្តេញលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង បានលើកឡើងថា គណបក្សភឿថៃ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីដែលនឹងរួចរាល់នៅចុងសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ប្រទេស។ នៅពេលដែលបញ្ជីគណៈរដ្ឋមន្ត្រីត្រូវបានធ្វើឡើង វានឹងត្រូវបានថ្វាយទៅកាន់ព្រះមហាក្សត្រ ដើម្បីព្រះរាជានុញ្ញាតអនុម័ត។ ក្រោយត្រូវបានអនុម័តដោយអង្គព្រះមហាក្សត្រហើយនោះ គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ មុនពេលពួកគេអាចកោះប្រជុំដើម្បីពិភាក្សា និងប្រកាសអំពីសេចក្តីថ្លែងការណ៍គោលនយោបាយ នៅសប្តាហ៍ទីពីរនៃខែកញ្ញា។
ចំនួនបេក្ខជនដែលត្រូវបានស្នើឡើងក្នុងសម្ព័ន្ធមិត្តរបស់ខ្លួន គឺលើសពីចំនួនមុខតំណែងមាននៅក្នុងគណៈរដ្ឋមន្ត្រីដែលត្រូវបានកំណត់ត្រឹម៣៥ ដោយរដ្ឋធម្មនុញ្ញ ដោយសារគណបក្សនីមួយៗត្រៀមខ្លួនសម្រាប់លទ្ធភាពដែលបេក្ខជនរបស់ពួកគេម្នាក់ ឬច្រើននាក់ត្រូវបានប្រកាសថា មិនមានសិទ្ធិទទួលបានតំណែងគណៈរដ្ឋមន្ត្រី។ តុលាការធម្មនុញ្ញបានកំណត់ស្ដង់ដារសីលធម៌ខ្ពស់សម្រាប់អ្នកដែលមានបំណងចង់ក្លាយជារដ្ឋមន្ត្រីខុទ្ទកាល័យ បន្ទាប់ពីបណ្តេញអតីតនាយករដ្ឋមន្ត្រី សេដ្ឋា ចេញពីតំណែង ជុំវិញការតែងតាំងអតីតទណ្ឌិត លោក ភីឈីត ឈឿនបាន ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី។
លោក ភូមថាំ មានសុទិដ្ឋិនិយមថា ដំណើរការជ្រើសរើសគណៈរដ្ឋមន្ត្រីនឹងបញ្ចប់នៅចុងសប្តាហ៍នេះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាគណបក្សប្រជាធិបតេយ្យ ជាគូប្រជែងយូរអង្វែងរបស់ភឿថៃ អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងរាជរដ្ឋាភិបាលចម្រុះថ្មី។ របាយការណ៍មួយចំនួន បានលើកឡើងថា គណបក្សប្រជាធិបតេយ្យនឹងទទួលបានតំណែងជារដ្ឋមន្ត្រីចំនួនពីរ ដោយមេដឹកនាំគណបក្ស គឺលោក ឆាឡឺមឆៃ ស្រ៊ីអន (Chalermchai Sri-on) នឹងត្រូវក្លាយជារដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន និងអគ្គលេខាធិការ ដេត អ៊ីត ខៅថង (Det-it Khaothong) នឹងត្រូវទទួលតំណែងជាអនុរដ្ឋមន្ត្រី ៕

