សមាជិកសភាជាន់ខ្ពស់៖ ការជំរុញទំនាក់ទំនងជាមួយចិន ជាអាទិភាពគោលនយោបាយការបរទេសសម្រាប់អ៊ីរ៉ង់

តេហេរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានឲ្យដឹងថា ការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសចិន គឺជាអាទិភាពគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលដែលទើបបង្កើតថ្មីរបស់ប្រទេសអ៊ីរ៉ង់។
លោក Alaeddin Boroujerdi ដែលជាប្រធានសមាគមមិត្តភាពអ៊ីរ៉ង់-ចិន បានប្រាប់ Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា រដ្ឋបាលថ្មីរបស់អ៊ីរ៉ង់ស្វែងរកទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ជាពិសេសប្រទេសជិតខាង រដ្ឋមូស្លីម និងប្រទេសជាមិត្តផ្សេងទៀត ដូចជាប្រទេសចិន។
លោកបានបន្តថា ទំនាក់ទំនងអ៊ីរ៉ង់-ចិនមានភាពរឹងមាំ និងនៅកម្រិតខ្ពស់មួយ ដែលបង្ហាញពីសក្តានុពលដ៏អស្ចារ្យសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើមូលដ្ឋានល្អ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរយៈពេល ២៥ឆ្នាំ ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២១។
លោក Boroujerdi បានរាយបញ្ជីផ្នែកមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដូចជាវិស័យប្រេង និងឧស្ម័ន ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
នៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយក្នុងកាសែត Tehran Times នៅថ្ងៃទី១៣ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានកត់សម្គាល់ថា ប្រទេសរបស់លោក ឱ្យតម្លៃខ្ពស់មិត្តភាពជាមួយប្រទេសចិន ដោយពណ៌នាអំពីការពង្រីកទំនាក់ទំនងជាមួយទីក្រុងប៉េកាំងជាអាទិភាពគោលនយោបាយការបរទេស។
