ឯកឧត្តម សេរី ជំនះ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍយុវជន ជាធនធានគន្លឹះដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចការសហការសម្របសម្រួលរបស់ក្រុម ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំពិធីបើក “វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ចឹក លីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន៖ វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជាឆ្នាំ២០២៤នេះ មានការចូលរួមពីយុវជនប្រមាណ ២៥០នាក់ មកពីបណ្តាសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា។ វេទិកានេះ ប្រព្រឹត្តតទៅរយៈពេល១ថ្ងៃពេញ ចាប់ផ្ដើមដោយកិច្ចពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាក្រុម និងចុងក្រោយ គឺការអានសេចក្តីព្រាងកតិកាសញ្ញាសម្រាប់អនាគត និងសេចក្តីព្រាងសេចក្តីប្រកាសស្ដីពីអ្នកជំនាន់។
ថ្លែងក្នុងឱកាសពិធីបើកនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ដែលជាធនធានគន្លឹះដ៏មាន តម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពធន់របស់យុវជនដើម្បីត្រៀមខ្លួនចំពោះការប្រែប្រួលឥតឈប់ឈររបស់សាកលលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើអាទិភាព ៥ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) គោលនយោ បាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា; ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។ល។
យុវជនក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាអ្នកដឹកនាំនាពេលអនាគត ត្រូវមានការគិតបែបវិជ្ជមាន មានគំនិតច្នៃប្រឌិត នវានុវត្តន៍ មានបំណិនសតវត្សរ៍ទី២១ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅរកវិបុលភាព និងសន្តិភាព។ ការចូលរួមរៀបចំសេចក្តីព្រាង កតិកាសញ្ញាសម្រាប់អនាគត (Pact for the Future) និងសេចក្តីប្រកាសស្តីពីអ្នកជំនាន់ក្រោយ (Declaration on Future Generation) ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក្នុងការសម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ឯកសារទាំងពីរនេះ នឹងបន្តពិគ្រោះនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់អនាគត (Summit of the Future) នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា មានអង្គការ UNFPA និង UNYAP ជាដើម ដែលបានខិតខំប្រឹងប្រែងជួយរៀបចំវេទិកាដ៏មានសារសំខាន់នេះឡើង ដែលនេះបានបង្ហាញយ៉ាងច្បាស់នូវលទ្ធិប្រជាធិបតេយ្យ ភាពបើកចំហ និងការចូលរួមយ៉ាងពេញលេញរបស់យុវជនពីគ្រប់ស្រទាប់វណ្ណៈនៅក្នុងដំណើរការ នៃការរៀបចំឯកសារដ៏មានសារសំខាន់នេះ៕

