នគរបាលជាតិកម្ពុជា សហការជាមួយនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានបង្ហាញអំពីលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឯកតោភាគី ចាប់ពីឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ភាគីកម្ពុជា បង្ក្រាបករណីចរាចរឆ្លងដែនពីកម្ពុជាទៅវៀតណាម និងពាក់ព័ន្ធនឹងជនជាតិវៀតណាម សរុបចំនួន ៣៣ករណីធំៗ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥៩នាក់ (ស្រី៣៣នាក់) ក្នុងនោះ ជនជាតិខ្មែរចំនួន ១៣នាក់ (ស្រី២នាក់), ជនជាតិវៀតណាម ចំនួន ១១៤នាក់ (ស្រី២៩នាក់), ជនជាតិចិន ៣២នាក់(ស្រី២នាក់) និងរឹបអូសគ្រឿងញៀងរួមមាន ៖ មេតំហ្វេតាមីន (ICE), មេតំហ្វេតាមីន (WY), កេតាមីន (Ketamine), អ៊ិចស្តាស៊ី (MDMA) , ហេរ៉ូអ៊ីន (Heroin) , សរុបរួមទឬម្ងន់ ៣៦៤គីឡូក្រាម ៣៦៥.០៧ក្រាម។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធកិច្ចប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន និងស្ថានភាពគ្រឿងញៀននៅប្រទេសកម្ពុជា ដោយប្រទេសកម្ពុជា ទទួលរងឥទ្ធពលគ្រឿងញៀនជាសកល ប្រទេសកម្ពុជា នៅជិតតំបន់ត្រីកោណមាស ការចរាចរគ្រឿងញៀនចូលប្រទេសកម្ពុជា តាម ព្រំដែនឡាវ និងថៃ
និងតាមបញ្ញើប្រៃសណីយ៍ ពីសហគមន៍អឺរ៉ុបចូលមកកម្ពុជា ហើយបន្តចរាចរ បន្តទៅប្រទេសទី៣។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការជួបពិភាក្សាការងារ និងបានយល់ដឹងអំពីដំណើរការ នៃកិច្ចសហប្រតិតបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក និងគាំទ្រកម្ពុជា បន្តកិច្ចសហប្រតិតបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននេះកាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត។ តាងនាមឲ្យស្ថានតំណាង ក្រសួងនគរបាលវៀតណាម ក៏ដូចជាឯកឧត្តមផ្ទាល់ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានសហការ ជួយទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទាន់ពេលវេលា។
មុននឹងបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នា ប្តេជ្ញាចិត្ត បន្តកិច្ចសហការរួមគ្នា បង្ការទប់ស្កាត់ និងបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕

