បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជិត ១៥ភាគរយ ក្នុងរយៈពេល៧ខែ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤បានបញ្ជាក់ថា រយៈពេលប្រាំពីរខែ នៃឆ្នាំនេះបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩.៨៧៩ TEUs កើនឡើងជាង ១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។
ប្រភពដដែលរំលេចថាគិតក្នុងខែកក្កដា ឆ្នាំនេះដែរបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន ៤៩.០១១ TEUs។
ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង២លាន ៧២ម៉ឺនតោន កើនឡើងជាង១០,៩៨% ចំណែកបរិមាណនាវាសរុបមាន ៣១២៣គ្រឿង កើនជិត ៩% នាវាដឹកអ្នកដំណើរមាន៣៣១គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត២ម៉ឹននាក់ កើនជាង៧១%។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង៤៧ម៉ឺនតោន កើនជាង១៨ភាគរយ ចំណែកបរិមាណនាវាសរុប មានចំនួន៦៨៦គ្រឿង កើនជាង១៦ ភាគរយ ៕
