ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដាក់ផែនការឲ្យកងកម្លាំងត្រូវប្រចាំការនៅតាមគោលដៅនានា ដើម្បីទប់ស្កាត់ក្រុមចលនាប្រឆាំងបះបោរ និងសកម្មភាពញុះញង់ឱ្យកើតមានហិង្សា ដើម្បីរុញច្រាញស្ថានភាពកាន់ឱ្យកាន់តែក្តៅ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងសភាពការណ៍ថ្មីៗ ដល់កងកម្លាំងចំណុះនាយកដ្ឋានប្រឆាំងពាណិជ្ជកម្ម នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានយកនូវអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយសភាពការណ៍សន្តិសុខដូចមានជូនខ្លឹមសារសំខាន់ៗខាងក្រោម៖
ទី១៖ កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (DTA) ដែលប្រមុខរាជរដ្ឋាភិបាលបានបកស្រាយដល់ក្រុមគ្រួសារ មិត្តភក្តិ ឱ្យបានយល់ច្បាស់។
ទី២៖ ណែនាំដល់នាយកដ្ឋានឱ្យប្រមូលផ្តុំកម្លាំង ពិនិត្យរៀបចំសម្ភារ និងរៀបចំវេនប្រចាំការរងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ដោយកំណត់យកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃ ប្រចាំបញ្ជាចំណុចខ្ពស់ និងមិនឱ្យអនុញ្ញាតច្បាប់ឈប់ សម្រាករបស់មន្រ្តីក្នុងនាយកដ្ឋាន។
ទី៣៖ កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងអព្យាក្រឹត្យ មានតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម ត្រូវតែមានស្មារតីភាពរឹងមាំ ទោះក្នុងស្ថានភាពណាក៏ដោយ ដាច់ខាត ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលប្រសូតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។
ទី៤៖ កងកម្លាំងដែលត្រូវបានចាត់តាំងឱ្យប្រចាំការនៅតាមគោលដៅនានាដើម្បីទប់ស្កាត់ក្រុមចលនាប្រឆាំងបះបោរនេះ ត្រូវប្រកាន់ភ្ជាប់នូវអំពើអហិង្សា ពីព្រោះក្រុមបាតុករតែងប្រើប្រាស់ សកម្មភាពញុះញង់ឱ្យកើតមានហិង្សាដើម្បីរុញច្រាញស្ថានភាពកាន់ឱ្យកាន់តែក្តៅ។
ទី៥៖ ណែនាំដល់ក្រុមគ្រួសារ មិត្តភក្តិមិនត្រូវជឿតាមការញុះញង់ ពីសំណាក់ក្រុមជ្រុលនិយមក្នុងចេតនាអូសទាញ និងប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕

