គ្រួសារសពក្មេងលង់ទឹកស្លាប់ ៣នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តខេត្តបន្ទាយមានជ័យ និងអនុសាខាកក្រកស្រុកភ្នំស្រុក

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០២៤ សាខាកក្រក ខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ធូ ស៊ីភ័ណ្ឌ នាយកសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម និងមានការចូលរួមពីលោកជូ បុត្រ ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកភ្នំស្រុកនិងសហការីបាននាំយកអំណោយមនុស្សធម៌ របស់ សាខា និងអនុសាខា ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពក្មេងលង់ទឹកស្រះស្លាន់ចំនួន៣នាក់ ដែលបានកើតហេតុ កាលពីវេលា ម៉ោង ១៣ ,៣០នាទីរសៀលថ្ងៃសុក្រទី៩ខែសីហា ឆ្នាំ២០២៤ម្សិលមិញ។
សពទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ បាន គិមអេង ភេទស្រី អាយុ ១៩ឆ្នាំ
២.ឈ្មោះកិក រីណា ភេទប្រុស អាយុ ៥ឆ្នាំ
៣.ឈ្មោះចយ បញ្ញា ភេទប្រុស អាយុ ៣ឆ្នាំ
អ្នកទាំង៣នាក់នេះរស់នៅក្នុងភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក
នាពេលសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខក្រុមការងារ សូមចូលរួមសោកស្តាយដល់ក្រុមគ្រួសារដែលបានបាត់បង់កូនៗជាទីស្រលាញ់ដែលបានឃ្លាតឆ្ងាយជារៀងរហូត ដោយមិនអាចវិលត្រឡប់វិញឡើយ។
ម៉្យាងវិញទៀត លោកនាយកបានផ្តាំផ្ញើដល់បងប្អូនដែលមានកូនតូចៗសូមមានការប្រុងប្រយ័ត្នកុំអោយពួកគាត់ទៅចុះលែងទឹកអោយសោះ ព្រោះអាចកើតមានដូចករណីនេះ។
អំណោយដែលសាខានាំមកពេលនេះសម្រាប់គ្រួសារសពនីមួយៗទទួលបាន÷
អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី២យួរ, ទឹកសុទ្ធ៥យួរ,ឃីតឹចរបស់ព្រះសង្ឃ២កញ្ចប់ និងថវិកា២០ម៉ឺនរៀល។
អំណោយរបស់អនុសាខាកក្រកស្រុកភ្នំស្រុកគ្រួសារសពនីមួយៗទទួលបាន÷អង្ករ២៥គីឡូក្រាម,មី១កេស, ត្រីខ១យួរ, ក្នើយ១, កន្ទេល១, មុង១,ភួយ១, សារុង១,ក្រមា១និងថវិកា១០ម៉ឺនរៀល៕

