កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំង GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ដែលបង្កប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ជួន ណារិន ្ទបានបញ្ជាក់ថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប។
ឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១៥៨នាក់ (ស្រី៨៣នាក់) ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

