អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនយល់ព្រមបន្តការចរចាបទឈប់បាញ់

ហ្សេរុយសាឡឹម៖ នៅថ្ងៃទី៩ ខែសីហា អ៊ីស្រាអែលបានឆ្លើយតបទៅកាន់អ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រ ដោយបញ្ជាក់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូទៅបន្តការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅថ្ងៃទី១៥ ខែសីហា។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចានឹងត្រូវបានបញ្ជូន ដើម្បីបញ្ចប់ព័ត៌មានលម្អិតសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកសម្រុះសម្រួលនៃប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាសចាប់ផ្តើមកិច្ចចរចាឡើងវិញនៅថ្ងៃទី១៥ ខែសីហា ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់នៅក្នុងកិច្ចព្រមព្រៀងដែលបានស្នើឡើង ហើយចាប់ផ្តើមអនុវត្តដោយគ្មានការពន្យាពេលបន្ថែមទៀត។
