បុរសម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទបង្កចលាចល និងវាយប៉ូលិស ក្នុងកុបកម្មដ៏ហិង្សា នៅអង់គ្លេស

បរទេស៖បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទប្រើហិង្សាបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម អ្នកកាន់សាសនា អ៉ីស្លាម កាលពីសប្តាហ៍មុន ហើយដែលនេះជាការកាត់ទោសដំបូងបំផុតមួយក្រោមបទចោទខាងលើ ចាប់តាំងពីមានរលកនៃអំពើហិង្សា បន្ទាប់ពីក្មេងស្រី៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។
លោក Derek Drummond អាយុ ៥៨ឆ្នាំ ត្រូវបានកាត់ទោសនៅតុលាការ Liverpool Crown Court កាលពីថ្ងៃពុធ ទី៧ ខែសីហា បន្ទាប់ពីបានសារភាពថារូបគេពិតជា បានប្រើហិង្សាលើប៉ូលិស និងបង្កចលាចល។
ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀតក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ពីបទបង្ក ចលាចលក្នុងទីក្រុង Liverpool កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បុរសទាំង២នាក់នេះម្នាក់មានឈ្មោះថា លោក Declan Geiran អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារសរុប ៣០ខែ ខណៈម្នាក់ទៀតឈ្មោះ Liam Riley អាយុ៤១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។
