សម្ដេចធិបតី ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកនេះ ឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។
ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម ៕