រាជរដ្ឋាភិបាលកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិពរណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»

ភ្នំពេញ៖ ប្រភពពីហ្វេសប៊ុកក្រសួងបរិស្ថាន បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញនូវលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិពរណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»ដែលជាគំនិតផ្តួចផ្តើម របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៧ ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានបំផុសចលនាដាំដើមឈើអោយបានកាន់តែច្រើន។
គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»ដែលបានរៀបចំកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ កន្លងមកនេះ បានចែកជូនដើមឈើចម្រុះប្រមាណ ១លាន៣សែនដើម និងកូនត្នោតប្រមាណ៣០ម៉ឺនដើម ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ សិស្ស និសិ្សត ព្រះសង្ឃ និងអ្នកស្រលាញ់បរិស្ថាន យ៉ាងច្រើនកុះករ មកពីទូទាំងប្រទេស មកទទួលដើមឈើដោយឥតគិតថ្លៃនៅមុខទីស្តីការក្រសួងបរិស្ថាន និងបណ្តាមន្ទីរបរិស្ថានទាំង២៥ រាជធានី ខេត្ត៕

