ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ ប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក

ភ្នំពេញ៖ យោងតាមការចេញផ្សាយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស ដោយមានកម្លាំងចូលរួមជាង១០០០នាក់៕

