អាវុធហត្ថចាប់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយធ្វើសកម្មភាពដកកាំភ្លើង គំរាមគូទំនាស់

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាផ្នែកកងកិត្តិយសត្រែទ័ព ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយធ្វើសកម្មភាពដកកាំភ្លើងវែង ប្រភេទ AK ៤៧ គំរាមគូទំនាស់ កាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចគល់ស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសុខ មនោរម្យ អាយុ៣៧ឆ្នាំ ជាមន្ត្រីយោធា បច្ចុប្បន្នរស់នៅផ្ទះលេខ៦៨C ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ជនជាប់ចោទ បានឱ្យដឹងថា កាលពីថ្ងៃកើតហេតុខាងលើ រូបគេបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS ៣៥០ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២.២.៦១៧១ និងបានដាក់អាវុធវែងម៉ាក AK៤៧ មួយដើមក្នុងរថយន្ត ជិះទៅដល់ចំណុចយឿរត្រីថ្មី ក្បែរគល់ស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏បានចុះពីរថយន្ត និងកាន់អាវុធវែង AK៤៧ ចេញពីក្នុងរថយន្តផងដែរ ដើម្បីយកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុសនិងអ្នកជិតខាង។
ជនជាប់ចោទខាងលើបានរៀបរាប់បន្តថា បន្ទាប់ពីធ្វើសកម្មភាពរួច រូបគេបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែង AK៤៧ បានយកទៅទុកក្នុងឃ្លាំងវិញ និងក្រោយមកក៏ត្រូវកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចុះទៅឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ន ជនជាប់ចោទខាងលើត្រូវបានបញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

