មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេង

ភ្នំពេញ៖ ឯកឧត្ដម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយសហការី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេងកម្ពុជាចំនួន ៣២រូប ដែលដឹកនាំដោយ លោក ម៉ៃ ចាន់នាង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមទីប្រឹក្សា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូសហគ្រិនវ័យក្មេង ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្ដមទីប្រឹក្សា ក៏បានជម្រាបជូនគណៈប្រតិភូនូវរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ កិច្ចសម្រួលវិនិយោគ, ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគជាដើម។
មានមតិក្នុងឱកាសកិច្ចប្រជុំលោក ម៉ៃ ចាន់នាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមទីប្រឹក្សាដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូរបស់ខ្លួន ក៏ដូចជាការផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងបញ្ចប់នៃកិច្ចពិភាក្សាការងារ ឯកឧត្ដមទីប្រឹក្សា ក៏បានស្នើសុំឱ្យសហគ្រិនវ័យក្មេងរបស់កម្ពុជាជួយផ្សព្វផ្សាយទាក់ទងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលក៏ដូចជាឧត្ដមភាពប្រកួតប្រជែងដែលកម្ពុជាកំពុងមាន ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេសដើម្បីមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

