ក្រុមការងារសមាគមក្រុមការងារ១០០រាត្រី ជញ្ជូនកូនឈើដាក់នៅស្តង់ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ចូលរួមពិព័រណ៍ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤

ភ្នំពេញ៖ ក្រុមការងារសមាគមក្រុមការងារ១០០រាត្រី ជញ្ជូនកូនឈើដាក់នៅស្តង់ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៃពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤។
កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្ដីការក្រសួងបរិស្ថាន។ ហេតុដូច្នេះពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចមកទទួលយកកូនឈើដោយឥតគិតថ្លៃ ។
ការតាំងពិព័រណ៍ “ពន្លកបៃតង” របស់ក្រសួងបរិស្ថាន និង “វេទិកាកេសរកូលជាតិលើកទី៤” បានចាប់ផ្តើមកាលពីម្សិលមិញ ក្នុងគោលបំណងផ្សព្វផ្សាយ និងចែកចាយកូនឈើ និងកូនឈើតូចៗដល់សាធារណជន និងលើកកម្ពស់ការយល់ដឹងអំពីការដាំដើមឈើ។ ពិធីបើកការតាំងពិព័រណ៍នៅមុខក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានតំណាងស្ថានទូត និងមន្ត្រីរាជការជាច្រើនរូបចូលរួមផងដែរ ៕

