ឯកឧត្តម សរ សិទ្ធិ បន្តជំរុញឲ្យមន្ត្រីប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បង្កើនការសិក្សាស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធការវិវត្តន៍ វិស័យចៅក្រម និងអាជ្ញាកណ្តាល

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហ័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិកម្រិត១ (International Race Official Grade 1) ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។
នាឱកាសនោះ ឯកឧត្តម បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិកម្រិត១នេះ។
មានប្រសាសន៍ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិតប្រធានសហព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ ដល់គណៈគ្រប់គ្រងវគ្គ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលវគ្គនេះប្រកបដោយជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទន:។
បន្ថែមលើសនេះ ឯកឧត្តមអនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញដែលបានសិក្សាមកនេះ ទៅអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើឱ្យការកាត់សេចក្តីទទួលបានជោគជ័យ ប្រកបដោយគុណតម្លៃ។
ឯកឧត្តម សរ សិទ្ធិ ក៏បានបន្តជំរុញដល់មន្ត្រីប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវបង្កើនការសិក្សាស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធនឹងការវិវត្តន៍ពីបច្ចុប្បន្នភាព នៃវិស័យចៅក្រម និងអាជ្ញាកណ្តាល ដើម្បីតាមឱ្យទាន់សភាពការណ៍ជាសាកលក្នុងសម័យកាលឌីជីថល។
ជាកិច្ចចុងក្រោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហ័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តស្វាយរៀង ដែលតែងគិតគូរ ជួយគាំទ្រ និងផ្តល់ទីតាំងដល់សហព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈជាតិ និងអន្តរជាតិ នាពេលខាងមុខ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិកម្រិត១ ( International Race Official Grade1 ) បានប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហ័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលមានគ្រូឧទ្ទេសមកពីប្រទេសថៃ និងសិង្ហបុរី ដោយបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន ២០រូប ក្នុងនោះនារី១០រូប។
ក្នុងគោលបំណង នៃវគ្គនេះ ធ្វើឡើងដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តី ឱ្យទទួលបានឱកាសក្លាយជាចៅក្រម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិកាន់តែច្រើន ដើម្បីរៀបចំការប្រកួតលក្ខណៈអន្តរជាតិទាំងក្នុង និងក្រៅស្រុក៕

