ប.ស.ស. នៃក្រសួងការងារ បន្តចុះផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីក្នុងកម្មវិធីបើកពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តក្រចេះ ដោយមានអ្នកចូលរួមជាង៣០០នាក់។
មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយខាងលើ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និង កូនក្នុងបន្ទុក អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។
ក្នុងឱកាសជាមួយគ្នានោះ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ឱ្យចូលរួម និងជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុកទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនតាមរយៈ ប.ស.ស. ៕

