សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អង្ករ ៥តោន ដល់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដើម្បីចែកជូនពលរដ្ឋ ជួបការលំបាក ឬជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាស ស៊ីធន់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានទទួលអង្ករ ចំនួន ៥តោន ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងបាត់ដំបង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក ឬជួបគ្រោះមហន្តរាយផ្សេងៗក្នុងភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ បានថ្លែងថាអំណោយដែលទទួលបាននាពេលនេះ លោកមេបញ្ជាការនឹងយកទៅឧបត្ថម្ភជូនឱ្យដល់ដៃប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ យោធិនមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ។
លោកបានបន្តទៀតថាជំនួសមុខ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

