ភូមិចំនួន១៣ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិចំនួន១៣ភូមិ ក្នុងឃុំទួលពង្រ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ និងទទួលបានដីមានកម្មសិទ្ធិស្របច្បាប់ ខណៈដែលក្រុមការងាររបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតំបន់វិនិច្ឆ័យត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤។
លោក មាស ដារ៉ា ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រុកម៉ាឡៃ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥០ ៦២៦ក្បាលដី វាស់វែងប្រមូលទិន្នន័យបានចំនួន ៦ ២២៦ក្បាលដី និងបានចុះបញ្ជីចេញបណ្ណរួចចំនួន ៤ ៩៧៩ ក្បាលដី។ បច្ចុប្បន្នស្រុកម៉ាឡៃ មានចំនួន ៦ឃុំ ស្មើនឹង ៤៦ភូមិ ចេញបណ្ណរួចចំនួន ៤ភូមិ និងកំពុងវាស់វែងចំនួន១០ភូមិ។
លោកបន្តថា ជាក់ស្ដែង ការប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានចំនួន១៣ភូមិ ភូមិទួលពង្រ ភូមិបន្ទាយទី១ ភូមិសន្តិភាព ភូមិអូរអំពិល ភូមិរស្មីមានជ័យ ភូមិអូរកេស ភូមិស្រឡៅជ្រុំ ភូមិអភិវឌ្ឍន៍ ភូមិទួលប្រាសាទ ភូមិបឹងឈូក ភូមិបឹង៧៥តេជោឈ្នះឈ្នះ ភូមិម៉ក់ហឺន ភូមិដូនសម ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ក្នុងឱកាសនោះដែរលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់វិនិច្ឆ័យ ដែលត្រៀមនឹងចុះធ្វើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវធ្វេីការកំណត់ព្រំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវជាចំឯកសារសំខាន់ៗដែលចាំបាច់ក្នុងការបញ្ចូលទិន្នន័យក្បាលដី មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ជាដេីម ។ ជាពិសេសលោក សំណូមពរដល់ម្ចាស់ក្បាលដីដែលស្ថិតនៅតំបន់ដែលត្រូវចុះវាស់វែង ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមការងារ ជួយសម្រួលក្នុងការចុះវាស់វែង ឱ្យបានលឿន ចៀសវាងមានបញ្ហាព្រំដី៕


