ព្រះអង្កម្ចាស់ នរោត្តម ចក្រាវុធ ផ្ញើសាររំលែកទុក្ខ និងប្រទានព្រះអំណោយ ជូនក្រុមគ្រួសារក្មេងស្រីដែលលង់ទឹកស្លាប់ ក្នុងឧបវទ្ទហេតុលិចទូក នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម នាង ចាន់ណាក់ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ បាននាំយកព្រះអំណោយដ៏ថ្លៃថ្លារបស់ ព្រះអង្គ នរោត្តម ចក្រាវុធ ជូនក្រុមគ្រួសារក្មេងស្រី ដែលបានលង់ទឹកស្លាប់ ក្នុងឧបវទ្ទហេតុលិចទូកនាពេលថ្មីៗ ស្ថិតនៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបាននាំយក ព្រះបណ្តាំសួរសុខទុក្ខ និងការមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ ដែលជាធនធានយុវជនដ៏សំខាន់សម្រាប់ប្រទេសជាតិ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ក្មួយស្រី កាន់យកសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់មកឯកឧត្តម ក៏បានបន្តនាំយកនូវព្រះអំណោយ ជារទេះពិកា ថវិកា អង្ករ និងសម្ភារៈបរិក្ខាឧបភោគមួយចំនួន របស់ព្រះអង្គម្ចាស់ ជូនដល់ក្រុមគ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតបំផុត។
ប្រជារាស្ត្រ ដែលនៅទីនោះមានក្តីរីករាយ រំភើប ជាពន់ពេក ចំពោះការយកព្រះហឬទ័យ របស់ព្រះអង្គម្ចាស់ តាមរយៈ ឯកឧត្តម តំណាងរាស្ត្រ ដែលតែងតែគិត ពីសុខទុក្ខប្រជារាស្ត្រគ្រប់ពេល៕

