កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៥ នៅប្រ៊ុយណេដារ៉ូហ្សាឡាម បានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៥ (The 15th AIPA Caucus Meeting) ក្រោមប្រធានបទ “ការពង្រឹងភាពធនអ៊ីនធឺណែតរបស់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ដំណើរឆ្ពោះទៅអនាគតសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងរស់រវើក” ដែលក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយស្មារតីសាមគ្គី និងកិច្ចសហប្រតិបត្តិការណ៍។
ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។
ឯកឧត្តម បានថ្លែងអំណរគុណ និងអបអរសាទរចំពោះ ក្រុមប្រឹក្សានីតិប្បញ្ញតិ្តប្រ៊ុយណេដារ៉ូហ្សាឡាម ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូទាំងអស់ ព្រមទាំងបាន រៀបចំកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់នេះ ប្រកបដោយជោគជ័យត្រចះត្រង់។ ឯកឧត្តម មានក្តីសង្ឃឹមថាគណៈប្រតិភូទាំងអស់ នឹងអញ្ជើញទៅកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ។
ក្រោយពីបានបំពេញបេសកកម្មដោយជោគជ័យ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ៕

