អនុប្រធានអចិន្ដ្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ស្រ្តីទើបតែសម្រាលកូនបាន កូនភ្លោះ នៅមន្ទីរពេទ្យបង្អែនខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកស្រី សន សុខា អនុប្រធានអចិន្ដ្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោកនាយកសាខា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ស្រ្តីទើបតែសម្រាលកូនបាន កូនភ្លោះ នៅមន្ទីរពេទ្យបង្អែនខេត្តស្ទឹងត្រែង ដែលម្តាយមានឈ្មោះ រ៉ន ម៉ាប់ អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលកូន ទី១ ភេទស្រី ២,២គីឡូក្រាម និងកូនទី២ ភេទស្រី ២,៣គីឡូក្រាម។
នាឱកាសនោះដែរ លោកស្រី សន សុខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋយើង ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ អ្វីទាំងអស់។ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់គ្រូពេទ្យ ផងដែរ។
អំណោយផ្តល់ជូនរួមមាន៖ កន្រ្តកជ័រ ២, ពូកខ្នើយទារក ២, មុងគ្របទារក ២, កូនកន្សែងទារក ៦, ស្រោមដៃស្រោមជើង ៣គូ, មួកទារក ៤, ម្សៅលាបទារក ២, ក្រដាសអនាម័យ ២, ក្រដាសសើម ២, ភួយទារក ២, សារ៉ុង ២ និងថវិកា ៥០០,០០០រៀល។ ដោយឡែក មន្ទីរកិច្ចការនារី បានផ្តល់ជូននូវឃីតមួយកញ្ចប់ (សារ៉ុង, ក្រមា, សាប៊ូ និងសំឡីអនាម័យស្រ្តី) ៕

