អ៊ុយក្រែន និងរុស្ស៉ី ប្រកាសផ្លាស់ប្តូរអ្នកទោសសង្គ្រាមលើកដំបូងក្នុងរយៈពេលជិត ៤ខែ

បរទេស៖ អ៊ុយក្រែន និងរុស្ស៊ី បានប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមលើកដំបូង ក្នុងរយៈពេលជិត ៤ខែ នៅថ្ងៃសុក្រនេះ ដោយមានមនុស្ស ១៥០នាក់ត្រូវបានដោះលែង បន្ទាប់ពីការចរចាដែលសម្របសម្រួលដោយសហភាពអារ៉ាប់រួម (UAE)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឲ្យដឹងថា អ្នកទោសអ៊ុយក្រែនចំនួន ៧៥នាក់ត្រូវបានបញ្ជូនត្រឡប់មកពីរុស្ស៊ីវិញ។ ក្នុងចំណោមអ្នកទោសទាំងនោះ មានជនស៊ីវិល ៤នាក់ ខណៈដែលអ្នកដែលនៅសល់គឺជាសមាជិកយោធា។
ទីភ្នាក់ងារព័ត៌មាន RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានប្រគល់មនុស្សចំនួន ៧៥នាក់ ក្នុងកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយអេមីរ៉ាតអារ៉ាប់រួម (UAE)។
គណៈកម្មាធិការសម្របសម្រួលអ៊ុយក្រែន ស្តីពីការដោះស្រាយជាមួយអ្នកទោសសង្គ្រាម បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការផ្អាកយូរ ការដោះដូរអ្នកទោសមួយផ្សេងទៀតបានកើតឡើង៖ អ្នកការពារជាតិ និងជនស៊ីវិល ៧៥នាក់ត្រូវបានដោះលែងពីការជាប់ឃុំឃាំងរបស់សត្រូវ»។
រូបភាពដែលចេញផ្សាយជាមួយនឹងសេចក្តីថ្លែងការណ៍ពីគណៈកម្មាធិការ បានបង្ហាញ យោធាដែលរុំដោយទង់ជាតិពណ៌ខៀវ និងលឿង។
មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបាននាំយកអ្នកការពារកោះ Snake Island ចំនួន ១៩នាក់មកវិញ ដែលជាកោះថ្មតូចមួយនៅក្នុងសមុទ្រខ្មៅ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែននៅក្នុងថ្ងៃដំបូងនៃសង្គ្រាម នៅពេលដែលឆ្មាំអ៊ុយក្រែនបានបដិសេធមិនចុះចាញ់ចំពោះកងកម្លាំងរុស្ស៊ី។
គណៈកម្មាធិការក៏បានបញ្ជាក់ផងដែរថា ជាផ្នែកមួយនៃការដោះដូរនេះ សាកសពអ្នកការពារជាតិអ៊ុយក្រែនចំនួន ២១២នាក់ត្រូវបានប្រគល់ដោយរុស្ស៊ីផងដែរ។

